Paris Peace Accords 23 Oct. 1991

Friday, December 2, 2016

សម រង្ស៊ី / Sam Rainsy: លទ្ធផល នៃការចុះឈ្មោះ បោះឆ្នោត ឆ្នាំ ២០១៦ បើកផ្លូវ ឲ្យជ័យជំនះ គណបក្ស សង្គ្រោះជាតិ ក្នុងការ បោះឆ្នោត ឆ្នាំ ២០១៧ និង ២០១៨ | Good voter registration leading to good elections





២ ធ្នូ ២០១៦ | 2 December 2016

លទ្ធផល នៃការចុះឈ្មោះ បោះឆ្នោត ឆ្នាំ ២០១៦ បើកផ្លូវ ឲ្យជ័យជំនះ គណបក្ស សង្គ្រោះជាតិ ក្នុងការ បោះឆ្នោត ឆ្នាំ ២០១៧ និង ២០១៨ | Good voter registration leading to good elections

ទោះជា ពលរដ្ឋខ្មែរ ជាង ១ លាន នាក់ មិនបាន ចុះឈ្មោះ បោះឆ្នោត ថ្មីៗនេះ ដោយសារ តែ ស្នាក់នៅក្រៅ ប្រទេស ក៏យើង អាចសប្បាយ រីករាយ អំពី លទ្ធផល សរុប នៃដំណើរការ ចុះឈ្មោះ អ្នកបោះឆ្នោត ក្នុងរយៈពេល ៣ ខែ កន្លងមកនេះ។  ខ្ញុំ សូម កោតសរសើរ អស់ពីដួងចិត្ត ចំពោះ ពលរដ្ឋខ្មែរ គ្រប់រូប ដែលបាន ខិតខំ ទៅចុះឈ្មោះ ឲ្យទាល់តែបាន ដើម្បី រក្សាសិទ្ធិ បោះឆ្នោត របស់ខ្លួន, ហើយ បំពេញ កាតព្វកិច្ច របស់ខ្លួន ក្នុងនាម ជាពលរដ្ឋ ពេញលក្ខណៈ។  ជាពិសេស ខ្ញុំ សូម សម្តែង ការកោតសរសើរ ដ៏លើសលប់ ចំពោះ ស្ត្រីខ្មែរ ៤.២១៣.៤២៧ នាក់ តំណាង ឲ្យ ៥៣,៥ ភាគរយ នៃចំនួន សរុប ប្រជាពលរដ្ឋ ៧.៨៧៣.១៩៤ នាក់ ដែលបាន ទៅចុះឈ្មោះ បោះឆ្នោត ប្រកបដោយ ជោគជ័យ។

មើលទៅ អនាគត ដ៏ខ្លី ខាងមុខ លទ្ធផល នៃដំណើរការ ចុះឈ្មោះ បោះឆ្នោត នៅឆ្នាំ ២០១៦ នេះ បើកផ្លូវ ឲ្យគណបក្ស សង្គ្រោះជាតិ ទទួលជ័យជំនះ ក្នុងការ បោះឆ្នោត នៅឆ្នាំ ២០១៧ និង ២០១៨ ខាងមុខ។  ការបោះឆ្នោត នីមួយៗ មានលក្ខណៈ សេរី និងយុត្តិធម៌, ហើយ ឆ្លុះបញ្ចាំងឆន្ទៈ ប្រជារាស្ត្រ ពិតប្រាកដ លុះត្រាតែ បញ្ជីឈ្មោះ អ្នកបោះឆ្នោត មានភាព សុក្រិត, ច្បាស់លាស់, និងទូលំទូលាយ។  បញ្ជីឈ្មោះ អ្នកបោះឆ្នោត សម្រាប់ ការបោះឆ្នោត ឆ្នាំ ២០១៧ និង ២០១៨ មានលក្ខណៈ ល្អប្រសើរ គួរឲ្យ កត់សម្គាល់ បើ ប្រៀបធៀប ទៅនឹង បញ្ជីឈ្មោះ អ្នកបោះឆ្នោត សម្រាប់ ការបោះឆ្នោត ឆ្នាំ ២០១៣ កន្លងទៅ។  មូលហេតុ មានដូចតទៅ៖

១. ចំពោះ បញ្ជីឈ្មោះ អ្នកបោះឆ្នោត ឆ្នាំ ២០១៣ មានពលរដ្ឋ រស់នៅ ក្នុងស្រុក ដែលមាន សិទ្ធិបោះឆ្នោត ចំនួន ជាង ១,២ លាន នាក់ (លើសរុប ជាង ៩ លាន នាក់) ដែលត្រូវ បានគេ រារាំង ឬបង្ក លក្ខណៈ លំបាក គ្រប់បែបយ៉ាង មិន ឲ្យបាន ចុះឈ្មោះ ក្នុងបញ្ជី។  តែ សម្រាប់ បញ្ជីឈ្មោះ អ្នកបោះឆ្នោត ឆ្នាំ ២០១៦ នេះ, ពលរដ្ឋ ដែលមាន ឆន្ទៈ ចង់ចុះឈ្មោះ ទទួលបាន លទ្ធភាព ចុះឈ្មោះ យ៉ាងងាយស្រួល និងទូលំទូលាយ ជាងមុន, ហើយ ចំនួន អ្នក ដែលបាន ចុះឈ្មោះ ជាក់ស្តែង ក៏បាន កើនឡើង គួរឲ្យ កត់សម្គាល់។

២. ក្នុងបញ្ជីឈ្មោះ អ្នកបោះឆ្នោត ឆ្នាំ ២០១៣, ប្រជាពលរដ្ឋ មួយចំនួន ធំ ដែលបាន ចុះឈ្មោះ ពីដើមទី ត្រូវ បានគេ លុបឈ្មោះ ពីបញ្ជី ឬត្រូវ បានគេ លួចឈ្មោះ ឲ្យអ្នកដទៃ យកទៅ បោះឆ្នោត ជំនួស។  តែ ចាប់ពីឆ្នាំ ២០១៦ នេះទៅ គ្មាន នរណា អាចលួច លុបឈ្មោះ ឬលួច យកឈ្មោះ ប្រជាពលរដ្ឋ ដែលបាន ចុះឈ្មោះ បោះឆ្នោត ត្រឹមត្រូវហើយ ឲ្យទៅអ្នក ដទៃទៀត យកទៅ បោះឆ្នោត ជំនួស ដោយសារតែ ឥឡូវនេះ មានការ ប្រើប្រព័ន្ធ កុំព្យូទ័រ ដែលមិន អនុញ្ញាតិ ឲ្យមាន ភាពមិន ប្រក្រតី និងទង្វើ ទុច្ចរិត ដូចមុន ទៀតទេ។

៣. ក្នុងបញ្ជីឈ្មោះ អ្នកបោះឆ្នោត ឆ្នាំ ២០១៣ មានឈ្មោះ ខ្មោច និងឈ្មោះស្ទួន ជាង ១ លានឈ្មោះ ដែលគេ បានយកទៅ ប្រើប្រាស់ ដើម្បី បំប៉ោង ចំនួន សន្លឹកឆ្នោត ឲ្យគណបក្ស កាន់អំណាច។  តែ ចាប់ពីឆ្នាំ ២០១៦ នេះទៅ, ឈ្មោះខ្មោច និងឈ្មោះស្ទួន ទាំងនោះ ត្រូវ បានប្រព័ន្ធ កុំព្យូទ័រ ជម្រះពីបញ្ជី អស់ហើយ ដោយសារតែ មានការ ចុះឈ្មោះ ឡើងវិញ សាជាថ្មី ដែលតម្រូវ ឲ្យមាន រូបថត និងស្នាមម្រាមដៃ ចំពោះ ប្រជាពលរដ្ឋ ម្នាក់ៗ ដែលមក ចុះឈ្មោះ។  ដូច្នេះ មិនអាច មានឈ្មោះខ្មោចបានទេ (ដោយសារ ខ្មោច គ្មាន ស្នាមម្រាមដៃ), ហើយ ក៏មិន អាចមាន ឈ្មោះស្ទួន បានទេ ពីព្រោះ មនុស្ស ម្នាក់ៗ មានស្នាម ម្រាមដៃ ខុសគ្នា ទាំងអស់, ហើយ បើ បុគ្គល ណាម្នាក់ ចង់ចុះឈ្មោះ ២ ដង កុំព្យូទ័រ នឹងសម្គាល់ ស្នាមម្រាមដៃ ដដែលភ្លាម។

៤. នៅឆ្នាំ ២០១៣ តួលេខ ពលរដ្ឋ ដែលបានទៅ បោះឆ្នោត ជាក់ស្តែង មានចំនួន ត្រឹមតែ ៦.៦២៧.១៥៩ នាក់ ប៉ុណ្ណោះ, ហើយ តួលេខនេះ ថែមទាំង មានលក្ខណៈ មិនសុក្រិត ពីព្រោះ ក្នុងនោះ មានមនុស្ស បន្លំ ឬខ្មោច ជាច្រើន ដោយសារ ពេលនោះ មិនមាន ការពិនិត្យ រូបថត និងស្នាមម្រាមដៃ។   តែ សម្រាប់ បញ្ជីឈ្មោះ រៀបចំ នៅឆ្នាំ ២០១៦ នេះ មានពលរដ្ឋ ពិតប្រាកដ (អត់មាន ខ្មោចទេ) ចំនួន រហូតដល់ ៧.៨៧៣.១៩៤ នាក់, ហើយ ក្នុងនោះ ម្នាក់ៗ ចុះឈ្មោះ បានតែ ម្តងទេ (គ្មាន ឈ្មោះស្ទួន ទេ)។

ជាសន្និដ្ឋាន ប្រៀបធៀបទៅនឹង បញ្ជីឈ្មោះ អ្នកបោះឆ្នោត ចាស់ (២០១៣) បញ្ជីឈ្មោះ អ្នកបោះឆ្នោត ថ្មី (២០១៦) ល្អប្រសើរ ជាងឆ្ងាយណាស់ គិតទាំង បរិមាណ ទាំងគុណភាព។  កត្តា ជាមូលដ្ឋាននេះ ជាហេតុ ធ្វើឲ្យ ការបោះឆ្នោត ឆ្នាំ ២០១៧ និង ២០១៨ នឹងមាន លក្ខណៈ ល្អប្រសើរ ជាងការ បោះឆ្នោត ឆ្នាំ ២០១៣ ឆ្ងាយណាស់។ ដោយសារតែ មានអ្នក ចុះឈ្មោះ បោះឆ្នោត ថ្មី ជាច្រើន (ចំណុច ទី១), ហើយ ឈ្មោះ អ្នកបោះឆ្នោត ទាំងនោះ ត្រូវ បានការពារ ត្រឹមត្រូវ (ចំណុច ទី២) សម្លេង គាំទ្រ គណបក្ស សង្គ្រោះជាតិ នឹងកើនឡើង យ៉ាងតិច ១ លាន សម្លេង។  ដោយសារតែ ឈ្មោះខ្មោច និងឈ្មោះស្ទួន ត្រូវបានជម្រះពីបញ្ជី (ចំណុចទី៣) សម្លេងគាំទ្រ គណបក្ស ប្រជាជន កម្ពុជា នឹងថយចុះ យ៉ាងតិច ១ លាន សម្លេង។  អ្នកបោះឆ្នោត ពិតប្រាក ដដែល មានឧត្តមគតិ ច្បាស់លាស់ មានចំនួន កាន់តែ ច្រើន (ចំណុច ទី៤) លទ្ធផល បោះឆ្នោត កាន់តែ ល្អ សម្រាប់ គណបក្ស សង្គ្រោះជាតិ។  សរុប ទាំងអស់ទៅ, គណបក្ស សង្គ្រោះជាតិ នឹងទទួល សម្លេងឆ្នោត លើសគណបក្ស ប្រជាជន កម្ពុជា យ៉ាងតិច ២ លាន សម្លេង។  យើង នឹងឃើញ ពន្លឺ ប្រជាធិបតេយ្យ និងយុត្តិធម៌ នៅពេលនោះ។
សម រង្ស៊ី / Sam Rainsy
 www.facebook.com/rainsy.sam.5

No comments:

Post a Comment