Paris Peace Accords 23 Oct. 1991

Thursday, February 8, 2018

[Vietnamization: Border, Military] សមត្ថកិច្ច​ បង្ហាញ​ របាយការណ៍​ ពី​បញ្ហា​ មិន​ប្រក្រតី​ នៅ​តាម​ព្រំដែន​ ជាមួយ ​ប្រទេស​ជិត​ខាង | Authority shows report of irregularities along borders with neighboring countries

យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided
យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided

សមត្ថកិច្ច​ បង្ហាញ​ របាយការណ៍​ ពី​បញ្ហា​ មិន​ប្រក្រតី​ នៅ​តាម​ព្រំដែន​ ជាមួយ ​ប្រទេស​ជិត​ខាង

RFA / វិទ្យុ អាស៊ី សេរី | ៨ កុម្ភៈ ២០១៨


អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​ដឹង​ថា មាន​សកម្មភាព​មិន​ប្រក្រតី​នៅ​តាម​ព្រំដែន​ក្នុង​ឆ្នាំ​២០១៧ ជាមួយ​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា មាន​ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ នោះ​បាន​កើតឡើង​ចំនួន ៣៨៨​លើក។

របាយការណ៍​បាន​បញ្ជាក់​ថា ស្ថានភាព​សន្តិសុខ​នៅ​តាម​ព្រំដែន​មាន​ស្ថានភាព​ស្ងប់ស្ងាត់​ល្អ ប៉ុន្តែ​បញ្ហា​មិន​ប្រក្រតី​ដែល​កើតឡើង​ច្រើន​ជាង​គេ គឺ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មាន ៣៦៥​លើក កម្ពុជា​-​វៀតណាម ១៥​លើក និង​ព្រំដែន​កម្ពុជា​-​ឡាវ ចំនួន ៨​លើក។
អ្នកនាំពាក្យ និង​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធិ បាន​ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​នោះ​មាន​ការ​រំលោភ​ដែនអាកាស​ការ​រាយ​លួស​បន្លា ការ​រុករាន​ដី​ធ្វើ​ចម្ការ ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ជាដើម៖ «កន្លង​មក​យើង​សង្កេតឃើញ​ភាគី​ថៃ ដែល​គាត់​បង្ហោះ Drone ចង់​មើល​សភាពការណ៍ គាត់​ចង់​សង្កេតមើល​យើង​យ៉ាងម៉េច​អី​ហ្នឹង វា​ជា​ធម្មតា​នៅ​តាម​ព្រំដែន ប៉ុន្តែ​បញ្ហា​គឺថា បើ​គាត់​ហោះ​នៅ​លើ​ទឹកដី​របស់​គាត់​មិន​មាន​បញ្ហា​ទេ ប៉ុន្តែ​វា​បាន​ហោះ​ចូល​ក្នុង​ដែនដី​របស់​កម្ពុជា អ៊ីចឹង​យើង​រាប់​ចូល​ថា ជា​ការ​បំពាន​របស់​គាត់»។
របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា នគរបាល​ការពារ​ព្រំដែន បាន​រក្សា​ការ​ជួប​ប្រជុំ​ជាមួយ​សម​ភាគី​សរុប​ចំនួន ៤៩១​លើក ក្នុង​នោះ​ពិភាក្សា​ជាមួយ​សម​ភាគី​ប្រទេស​ថៃ បាន ២១៣​លើក ជាមួយ​អាជ្ញាធរ​ប្រទេស​វៀតណាម បាន ២៦៩​លើក និង​ពិភាក្សា​ជាមួយ​សម​ភាគី​ប្រទេស​ឡាវ បាន ៩​លើក។
ការ​ពិភាក្សា​គ្នា​នេះ គឺ​ដើម្បី​ផ្លាស់ប្ដូរ​ព័ត៌មាន​អំពី​សភាពការណ៍​ព្រំដែន ដោះស្រាយ​ព្រឹត្តិការណ៍​មិន​ប្រក្រតី​នានា នៅ​តំបន់​ជាប់​ព្រំដែន ពិសេស​ការទប់ស្កាត់​ពលករ​ចំណាកស្រុក​ខុសច្បាប់។ ជាមួយ​គ្នា​នោះ​សមត្ថកិច្ច​ការពារ​ព្រំដែន បាន​ការពារ​ឲ្យ​គណៈកម្មការ​បច្ចេកទេស​ព្រំដែន​សម្រេច​ភារកិច្ច​ជាមួយ​ប្រទេស​ថៃ បាន​ចំនួន ៣​ទីតាំង មាន ៣​បង្គោល ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ ខេត្ត​ឧត្តរមានជ័យ ចំណែក​ឯ ជាមួយ​ប្រទេស​វៀតណាម បាន​ចំនួន ៤​ទីតាំង ដូចជា​នៅ​ខេត្ត​ស្វាយរៀង ២​បង្គោល និង​ខេត្ត​រតនគិរី ២​បង្គោល។ ការ​សាងសង់​បង្គោល​ប្រភេទ​ថ្ម​បេតុង​បំពេញ​បន្ថែម​ចំនួន ៥៩៧​ទីតាំង ស្មើនឹង ៦៥៨​បង្គោល និង​បោះ​បង្គោល​តម្រុយ​ព្រំដែន​ចំនួន ៣៨៤​ទីតាំង ស្មើនឹង ៥២២​បង្គោល។
បើ​ទោះ​បី​ជា​មានការ​បោះ​បង្គោល​នៅ​តាម​បន្ទាត់​ព្រំដែន ក៏​ទាហាន​ព្រំដែន​ដៃ​នៅតែ​បំពាន​ដល់​ដែន​អធិបតេយ្យ​របស់​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៧ កន្លង​មក​នេះ។
លោក គៀត ច័ន្ទថារិទ្ធិ បន្ត​ថា «ចំណែក​ឯ​បន្លា​លួស គាត់​អូស​តាម​បន្ទាត់​ព្រំដែន ប៉ុន្តែ​ជួនកាល​វា​ហួស ពេលខ្លះ​គាត់​អូស​យក​មក​ដាក់​កន្លែង​ដែល​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​មិនទាន់​បាន​កំណត់​ផង។ អ៊ីចឹង​យើង​ទប់ និង​ការពារ​កុំ​ឲ្យ​មាន ព្រោះ​ជា​ធម្មតា​រឿង​កើតឡើង​ពី​តូច​ទៅ​ធំ បើ​យើង​មិន​ទប់ស្កាត់​ពី​តូច​ទេ នៅ​ពេល​កើតឡើង​ដល់​ធំ​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​ដោះស្រាយ»។
ទាក់ទង​នឹង​ការ​ចេញ​-​ចូល​តាម​ច្រក​នានា​ទៅ​ប្រទេស​ថៃ គឺ​អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ ឲ្យ​ត្រឡប់មកវិញ​ចំនួន ១៣.៣៩៦​នាក់ មាន​ស្រី ៤.១៦៩​នាក់ កុមារ ៤៦៩​នាក់ និង​សាកសព ៣៦​នាក់ ចំណែក​កងកម្លាំង​ប្រទេស​កម្ពុជា បាន​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ របស់​ពលរដ្ឋ​កម្ពុជា ទៅ​ប្រទេស​ថៃ បាន​ចំនួន ៨៣៨​នាក់ ក្នុង​នោះ​មាន​ស្រី ២០៨​នាក់ និង​កុមារ ១០៣​នាក់៕


No comments:

Post a Comment